ការប្រើប្រាស់ Smart Phone នាពេលបច្ចុប្បន្នជាតម្រូវការ និងការពេញនិយមរបស់មនុស្សគ្រប់គ្នា មិនថាតែ iPhone ឬ Android នោះទេ ។ ជារឿយៗលោកអ្នកប្រហែលជាធ្លាប់ជួបបញ្ញាជាមួយថាមពលថ្ម ប្រើប្រាស់មិនបានយូរ ។ វាអាចបណ្តាលមកពីមូលហេតុជាច្រើន ដែលនាំឲ្យថ្មលោកអ្នកឆាប់អស់ ឬអាចបណ្តាលឲ្យឆាប់ខូចថ្ម ក៏មាន ។ នៅពេលនេះសំបុកអាយធីនឹងបង្ហាញគន្លឹះ ក្នុងការសន្សំសំចៃថ្មក្នុងការប្រើប្រាស់លើទូរស័ព្ទប្រភេទ Android នូវគន្លឹះងាយៗដូចខាងក្រោម ។
ពិនិត្យមើលការប្រើប្រាស់ថ្ម
មុននឹងលោកអ្នកចាប់ផ្តើម ស្វែងរក និងបញ្ហានានាដែលបណ្តាលឲ្យថ្មឆាប់អស់ ជាដំបូងលោកអ្នកគួរពិនិត្យត្រង់ការប្រើប្រាស់ថ្មជាមុនសិន ។ ដើម្បីឱ្យប្រាកដថាតើកម្មវិធីឬ ប្រតិបត្តិការណាមួយដែលប្រើប្រាស់ថាមពលថ្មច្រើនជាងគេ ។ សូមចូលទៅ Settings –> About Phone –> Battery use
ចំណាំ៖ តាមធម្មតា Display តែងតែមានភាគរយច្រើនជាងគេតែដោយសារតែក្នុងទូរស័ព្ទនេះបានបន្ថយពន្លឺរបស់ Display រូចហើយទើបធ្វើឱ្យមានភាគរយតិចបែបនេះ។
បន្ថយពន្លឺរបស់ Display
ការបើកពន្លឺភ្លឺខ្លាំង វាផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការមើលអេក្រង់ទូរស័ព្ទបានច្បាស់ និងមានពណ៌ស្អាតល្អ ។ យ៉ាងណាមិញ វាក៏អាចបណ្តាលឲ្យប៉ះពាល់ដល់ភ្នែក (ប្រសិនបើភ្នែកលោកអ្នកខ្សោយ សូមកុំបើកពន្លឺខ្លាំងពេក) និងងាយឲ្យថ្មឆាប់អស់ថាមពល ។ សូមចូលទៅ Settings –> Display –> Brightness អ្នកនឹងអាចបន្ថយពន្លឺដល់កម្រិតណាមួយ ឬទាបបំផុតឬ អាចជ្រើសយក Auto (ស្វ័យប្រវត្តិ) ឬអាចជ្រើសយកពន្លឺដែលអ្នកអាចមើលបានស្រួល ហើយសូមចុច OK ។
បិទ Wi-Fi នៅពេលមិនប្រើ Internet
ការបើក Wi-Fi អាចជួយឱ្យទូរស័ព្ទរបស់អ្នកងាយស្រួល Sync ទិន្នន័យផ្សេងៗឬ Update កម្មវិធីមួយចំនួនដោយស្វ័យប្រវត្តិ បន្តែវាក៏ជាដើមហេតុចំបងដែលធ្វើឱ្យទូរស័ព្ទរបស់អ្នកឆាប់អស់ថាមពលជាងធម្មតា ដូចនេះបើមិនប្រើប្រាស់ Internet គប្បីគួរបិទ Wi-Fi ។
កុំបើក Bluetooth ចោលពេលមិនប្រើ
ប្រសិនបើអ្នកមិនប្រើប្រាស់ កាស (Headset) Bluetooth ឬមិនត្រូវការផ្ទេរឯកសារអ្វីទេអ្នកមិនចាំបាច់បើក Bluetooth ទេ សូមចូលទៅបិទ ឬបើក Bluetooth សូមចូលទៅ Settings –> Wireless & Networks –> Bluetooth ។
ផ្អាកកុំឱ្យ Sync ទិន្នន័យកម្មវិធីមួយចំនួន
កម្មវិធី Email ដែលមានស្រាប់នៅក្នុងទូរស័ព្ទ Android ជានិច្ចកាលតែងតែ ធ្វើការ Sync Mail ជារឿយៗ (អាច ១៥នាទីម្តង តាមការកំណត់របស់អ្នក) នៅពេលទូរស័ព្ទរបស់អ្នកមានភ្ជាប់អ៊ឺនធឺណេត ដែលកត្តានេះក៏ប្រើប្រាស់ថាមពលថ្មមិនតិចដែរ ។ អ្នកអាច Sync Manual ឬឱ្យ Auto ទេមិនញឹកញាប់ ។ ដោយចូលទៅ Setting -> Account Setting -> Email Check ។Frequency
ដូចគ្នានេះដែរកម្មវិធីដែលតែងតែ Sync ដូចជា Facebook Twitter លោកអ្នកអាចកំណត់ ដោយអនុវត្តន៍ស្រដៀងនឹងដំណាក់កាលខាងលើ ។
បិទ GPS
ការប្រើប្រាស់ GPS ជាជំនួយដ៏ល្អសម្រាប់លោកអ្នកក្នុងការកំណត់ និងស្វែងរកទីតាំងណាមួយ ប៉ុន្តែវានឹងចំណាយថាមពលថ្មទូរស័ព្ទអ្នកដូចគ្នា ។ បើគ្មានតម្រូវការប្រើនោះទេ សូមបិទ GPS ជៀសវាងការខ្ជះខ្ជាយថាមពលថ្ម ឥតប្រយោជន៍ ។
ប្រើប្រាស់ Task Manager មើលដំណើរការកម្មវិធី
លោកអ្នកអាចដឹងបានថា កម្មវិធីណាកំពុងដំណើរការបាន ដោយប្រើប្រាស់ Task Manager ។ សូម End Task លើកម្មវិធីណាដែល លោកអ្នកមិនប្រើ ឬអាចបិទវាតាមសម្រួល (តាមដំណើរការ ព្រោះការបិទផ្តាច់បែបនេះ អាចនាំឲ្យបាត់បង់ទិន្នន័យណាមួយ នៅក្នុងកម្មវិធីនោះ ប្រសិនវើលោកអ្នកមិនបានរក្សាទុក – Save) ។
លុប ឬផ្អាកកម្មវិធីណាដែលលោកអ្នកលែងប្រើ
កម្មវិធីនានានៅក្នុងទូរស័ព្ទដៃ Android របស់អ្នក អាចមានច្រើនអាស្រ័យលើការដំឡើងដោយផ្ទាល់ និងការដំឡើងតាមកម្មវិធីដទៃ ដែលផ្តល់អនុសាសន៍ ។ កម្មវិធីទាំងនេះ អាចជួយលោកអ្នកក្នុងបំណងផ្សេងៗគ្នា ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នក ប៉ុន្តែវាក៏នាំឲ្យលោកអ្នកអស់ទំហំរក្សា និងចំណាយថាមពលថ្មផងដែរ ។ សូមលុបកម្មវិធីដែលលោកអ្នកលែងប្រើចោល ដោយចូលទៅកាន់ Settings –> Applications –> Manage Applications ។
កុំប្រើ Wallpaper មានចលនា
ប្រាកដណាស់! ការប្រើប្រាស់ Wallpaper មានចលនា ធ្វើឲ្យទូរស័ព្ទលោកអ្នក មានភាពស្រស់ស្អាត និងទាក់ទាញ ហើយក៏ប្រាកដដែរថា វានឹងចំណាយថាមពលថ្មច្រើនជាងធម្មតាផងដែរ ។ ដើម្បីសន្សំថាមពលថ្ម សូមចូលទៅបិទ Wallpaper ដែលមានចលនា ប្រសិនបើលោកអ្នកកំពុងដាក់វាប្រើ ។
កុំបណ្តោយឲ្យទូរស័ព្ទឡើងក្តៅរយៈពេលយូរ
វាជារឿងដែលមិនគួរឲ្យកើតឡើងទេ ចំពោះការដាក់ទូរស័ព្ទចោលហាលថ្ងៃ ឬដាក់ចោលក្នុងឡាន ក្រោមកម្តៅថ្ងៃត្រង់ ។ នៅពេលដែលទូរស័ព្ទលោកអ្នកឡើងក្តៅ សូមដកវាចេញពីកន្លែងក្តៅ ឬដោះថ្មចេញប្រសិនបើទូរស័ព្ទគាំង លែងដំណើរសូម្បីតែបិទក៏មិនបាននោះ ។
គន្លឺះងាយៗមួយចំនួនខាងលើ អាចជាជំនួយដល់លោកអ្នកក្នុងការថែរក្សាសុខភាពថ្ម ឲ្យកាន់បានយូរ និងមិនងាយខូច ។ សូមចែករំលែកគន្លឹះនេះទៅកាន់មិត្តភក្តិអ្នក ប្រសិនបើគិតថា វាមានប្រយោជន៍អាចជួយពូកគេបាន ។