បើសិនជាអ្នកមានទូរស័ព្ទ Samsung Galaxy S4 ម៉ូដែល Google Play នោះអ្នកអាចនឹងធ្វើការឡើងជំនាន់ទៅជំនាន់ចុងក្រោយបង្អស់នៃ Android ពី Google បាន។ ជំនាន់ថ្មីរបស់ Android 4.4 KitKat បច្ចុប្បន្នត្រូវបានបញ្ចេញមកសម្រាប់ Samsung Galaxy S4 និង HTC One ដែលរត់លើ Android ពីនាយ។
ដូចនេះមិនត្រឹមតែស៊េរី HTC One ដែលមិនមានផ្ទៃប្រសព្វ Sense នោះទេ ព្រោះ Galaxy S4 ក៏មិនមានTouchWiz ដែរដោយប្រើ Android KitKat វិញ។ ពេលទូរស័ព្ទរត់ Android 4.4 ដើម អ្នកប្រើអាចទទួលបាននូវផ្ទៃប្រសព្វថ្មីស្រស់ស្អាត សារ SMS/MMS ត្រូវបានបញ្ចូលជាមួយនឹង Hangouts លទ្ធភាពលុបទូរស័ព្ទរបស់អ្នកពីចំងាយតាម Android Device Manager កម្មវិធីថតរូបល្អជាងនិងថ្មប្រើបានយូរជាងផងដែរ។ ជំនាន់ថ្មីនេះនឹងមានអោយអ្នកទាញយកតាម OTA ដោយអ្នកគ្រាន់តែចូលទៅក្នុង menu Settings ដើម្បីអោយដឹងថាឧបករណ៍របស់អ្នកអាចឡើងបានហើយឬនៅ? ចំពោះអ្នកដែលប្រើ Galaxy S4 ធម្មតាវិញប្រហែលជានឹងត្រូវរងចាំមួយរយៈពេលយូរទៀតទើបអាចឡើងជាផ្លូវការបាន។
តែសូមកុំអស់សង្ឃឹមព្រោះអ្នកនៅអាចប្រើម៉ូដែល ROM CyanogenMod 11 Alpha ដែលទើបនឹងចេញសម្រាប់នាំ KitKat ទៅដាក់លើ Samsung Galaxy S4 ដោយមានលេខសំគាល់ GT-I9500។ គួរកត់សំគាល់ផងដែរថាដោយសារតែនេះគឺជាម៉ូដែល Alpha របស់ CyanogenMod ដូចនេះវាក៏អាចនឹងមានកំហុសជាច្រើន ដូចជាមានបញ្ហាពេលភ្ជាប់ជាមួយកុំព្យូទ័រ មិនអាចថតវីដេអូ គុណភាពការហៅអន់ មុខងារបង្វិលអេក្រង់មិនដំណើរការ រូបភាពមិនអាចបង្ហាញក្នុងកម្មវិធី Gallery។ បើសិនជាអ្នកអាចទទួលយកបញ្ហាខាងលើនេះហើយចង់ប្រើ Android KitKat នោះអ្នកអាចប្រើ Galaxy S4 GT-I9500 (ម៉ូដែលធម្មតា) អាចមើលការណែនាំដំឡើងនិងទាញយក ROM CyanogenMod 11 Alpha ត្រង់នេះ៕