- គណនេយ្យ គឺជាប្រព័ន្ធមួយដែលកំណត់អត្តសញ្ញាណកម្ម (Identifying) កត់ត្រា (Recording) ផ្ដល់ដំណឹង (Reporting) ពត៌មានដែលទាក់ទង អាចជឿទុកចិត្តបាន អាចប្រៀបធៀបបាន ដើម្បីជួយអ្នកប្រើប្រាស់បង្កើតការសម្រេចចិត្តដ៏ល្អប្រសើរមួយ ។
- គណនេយ្យ គឺជាដំណើរការនៃការកំណត់អត្តសញ្ញាណកម្ម ការវាស់វែង (Measuring) និងការផ្ដល់នូវទំនាក់ទំនងពត៌មានសេដ្ឋកិច្ច ដើម្បីអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ព័ត៌មានទាំងអស់ ធ្វើការវិនិច្ឆ័យ និងធ្វើការសម្រេចចិត្តប្រកបដោយព័ត៌មានច្បាស់លាស់ ។ ព័ត៌មានទាំងនោះមានលក្ខណៈជាហិរញ្ញវត្ថុ មានន័យថាត្រូវបានគេបង្ហាញជាលក្ខណៈសាច់ប្រាក់ ។ ពោល គណនេយ្យ គឺជាដំណើរការនៃការវាស់វែង និងផ្ដល់នូវទំនាក់ទំនងព័ត៌មានដែលត្រូវបានគេប្រើប្រាស់ ដើម្បីរាយការពីសកម្មភាពទាំងអស់នៅក្នុងអង្គភាពអាជីវកម្មនានា ដែលស្វែងរកប្រាក់ចំណេញ និងមិនស្វែងរកប្រាក់ចំណេញ ។
- គណនេយ្យ គឺជាដំណើរការនៃសកម្មភាពអាជីវកម្មសំខាន់ៗបីដែលរួមមាន ការកំណត់អត្តសញ្ញាណកម្មសកម្មភាពអាជីវកម្ម ការកត់ត្រាសកម្មភាពអាជីវកម្ម និងផ្ដល់ព័ត៌មានអំពីសកម្មភាពអាជីវកម្ម ដែលទាក់ទង អាចជឿទុកចិត្តបានដើម្បីជួយអ្នកប្រើប្រាស់បង្កើតការសម្រេចចិត្តក្នុងការចាត់ចែងអាជីវកម្ម និងមិនមែនអាជីវកម្ម ។
សេចក្ដីពន្យល់
១. ការកំណត់អត្តសញ្ញាណសកម្មភាពអាជីវកម្ម គឺជាការជ្រើសរើសព្រឹត្តិការណ៍ ឬប្រតិបត្តិការសេដ្ឋកិច្ច (select economic event/transaction) ដែលបានកើតឡើងនៅក្នុងអង្គភាពអាជីវកម្ម ។ ព្រឹត្តិការណ៍ ឬប្រតិបត្តិការសេដ្ឋកិច្ចទាំងនេះកើតឡើងរួមមានដូចជា៖ ការលក់ទំនិញ (Sale Merchandise) ការចំណាយទឹកភ្លើង (Utilities Expense) ការបង់ថ្លៃជួលការិយាល័យមុន (Prepaid office rent) និងការផ្ដល់សេវាកម្ម ជាដើម ។
២. ការកត់ត្រាសកម្មភាពអាជីវកម្ម គឺជាការកត់ត្រារាល់សកម្មភាពប្រតិបត្តិការសេដ្ឋកិច្ចកើតឡើង ឬព្រឹត្តិការណ៍ជាប្រចាំ អំពីសកម្មភាពហិរញ្ញវត្ថុ នៅក្នុងអង្គភាពអាជីវកម្មដោយមានការចាត់ថ្នាក់ទៅតាមសកម្មភាពសេដ្ឋកិច្ច និងការសង្ខេបក្នុងទ្រង់ទ្រាយត្រឹមត្រូវមួយ ។
៣. ការទំនាក់ទំនងសកម្មភាពអាជីវកម្ម គឺជាការតម្រូវឲ្យបង្កើតនូវរបាយការណ៍គណនេយ្យ (Accounting reports) ដូចជារបាយការហិរញ្ញវត្ថុ ដោយវាតម្រូវឲ្យមានការវិភាគ និងបកស្រាយនូវរបាយការណ៍នេះចំពោះអ្នកប្រើប្រាស់ ។