គណនេយ្យ គឺជាវិជ្ជាជីវៈមួយ ។ គ្រប់ប្រតិបត្តិការអាជីវកម្មទាំងអស់ត្រូវបាន គេកត់ត្រាជាច្រើនសតវត្សរ៍កន្លងមកហើយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងកន្លះសតវត្សរ៍ចុងក្រោយនេះ គណនេយ្យ ត្រូវបានគេទទួលស្គាល់ថាជា វិជ្ជាជីវៈមួយ (A profession) ដូចជាវិជ្ជាជីវៈពេទ្យ និងច្បាប់អញ្ចឹងដែរ ។ បច្ចុប្បន្ននេះ គណនេយ្យករជាច្រើន (Accountant) កំពុងប្រើប្រាស់វិជ្ជាជីវៈនេះក្នុងអាជីវកម្មផ្សេងៗ ។ គណនេយ្យករ អនុវត្តជំនាញរបស់ខ្លួនទៅលើផ្នែកបួនសំខាន់ៗគឺ៖ គណនេយ្យសាធារណៈ (Public Accounting) គណនេយ្យឯកជន (Private accounting) គណនេយ្យមិនស្វែងរកប្រាក់ចំណេញ ឬគណនេយ្យរដ្ឋាភិបាល (Not-for-profit accounting or Government accounting) និង ការអប់រំជាន់ខ្ពស់ (Higher Education) ។
សេចក្ដីអធិប្បាយ៖
ក. គណនេយ្យសាធារណៈ ក្នុងគណនេយ្យសាធារណៈ គណនេយ្យករអាចថ្វើការជាបុគ្គលិកម្នាក ឬជាសមាជិកម្នាក់របស់ក្រុមហ៊ុនគណនេយ្យសាធារណៈ (Pulic account firm) ។ គណនេយ្យករសាធារណៈ ជាគណនេយ្យករដែលអាចធ្វើការបំរើសេវាកម្មឲ្យក្រុមហ៊ុនពីរ ឬច្រើន ។ នៅក្នុងគណនេយ្យសាធារណៈ គណនេយ្យករផ្គត់ផ្គង់សេវាគណនេយ្យដូចជា ត្រួតពិនិត្របញ្ជី (សវនកម្ម) ឬសេវាកម្មផ្សេងៗទៀតដូចជា សេវាកម្មរៀបចំពន្ធដារ សេវាពិគ្រោះយោបល់ខាងហិរញ្ញវត្ថុឲ្យក្រុមហ៊ុន ឬបុគ្គលនានាដើម្បីប្ដូរមកវិញនូវកម្រៃ ។ នៅសហរដ្ឋអាមេរិក គណនេយ្យករដែលបំរើការងារនៅក្នុងក្រុមហ៊ុនគណនេយ្យសាធារណៈត្រូវតែមានការទទួលស្គាល់ពី ឬការបញ្ជាក់ (Certified Public Accounting = CPA) ពីស្ថាប័នគណនេយ្យមួយឈ្មោះ American Institute of Certified Accounting (AICPA)។ នៅក្នុងគណនេយ្យសាធារណៈ អគ្គសវនករ (Certified Public Accountant) ពិនិត្រមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រួតពិនិត្រលើការបង់ពន្ធ ជួយដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុននាពេលខាងមុខ ។
ខ. គណនេយ្យឯកជន ឬឧស្សាហកម្ម (Private or Industrial Accounting) គណនេយ្យករឯកជន ជាទូទៅត្រូវបានគេហៅថា គណនេយ្យករគ្រប់គ្រង (Management Accountants) ដែលផ្ដល់សេវាគណនេយ្យនានា សម្រាប់ក្រុមហ៊ុនតែមួយ ។ ក្រុមហ៊ុនមួយចំនួនប្រើប្រាស់គណនេយ្យករគ្រប់គ្រងតែមួយ ប៉ុន្តែក្រុមហ៊ុនខ្លះក៏ប្រើគណនេយ្យករគ្រប់គ្រងច្រើន ។ នៅក្នុងក្រុមហ៊ុនមួយ ដែលមានគណនេយ្យករគ្រប់គ្រងច្រើន បុគ្គលដែលទទួលខុសត្រូវសកម្មភាបគណនេយ្យជាទូទៅត្រូវបានគេហៅថា អ្នកត្រួតពិនិត្រ (Controller) ឬប្រធានភ្នាក់ងារហិរញ្ញវត្ថុ (Chief Financial Officer) ។
ក្នុងគណនេយ្យករឯកជន គណនេយ្យគ្រប់គ្រង គឺទាក់ទងទៅនឹងសកម្មភាពដូចខាងក្រោម៖
- គណនេយ្យទូទៅ (General Accounting)៖ ទាក់ទងនឹងការកត់ត្រាប្រតិបត្តិការប្រចាំថ្ងៃ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។
- គណនេយ្យតម្លៃដើម (Cost Accounting)៖ កំណត់តម្លៃដើមផលិតនៃផលិតផល ។
- ការធ្វើផែនការថវិកា (Budgeting)៖ ការគ្រប់គ្រងនៅក្នុងគោលដៅ ដែលទាក់ទងនឹងចំណូល (Sale Revenues) តម្លៃដើមទំនិញបញ្ចេញលក់ (Cost of Goods sold) និងប្រតិបត្តិការចំណាយ (Operating Expenses) ។
- ការត្រួតពិនិត្រផ្ទៃក្នុង (Internal Auditing)៖ ពិនិត្រមើលពីប្រតិបត្តិការរបស់ក្រុមហ៊ុនដើម្បីកំណត់គោលនយោបាយក្រុមហ៊ុន និងវាយតម្លៃទៅលើប្រតិបត្តិការទាំងនោះ ។
- ប្រព័ន្ទព័ត៌មានគណនេយ្យ (Accounting Information System)៖ ជាដំណើរនៃការរៀបចំប្រព័ន្ធទិន្នន័យ។
- គណនេយ្យពន្ធ (Tax Accounting)៖ រៀបចំការបង់ពន្ធសម្រាប់ក្រុមហ៊ុន ។
គ. គណនេយ្យមិនស្វែងរកប្រាក់ចំណេញ ឬរដ្ឋាភិបាល៖ ដូចគ្នានឹងក្រុមហ៊ុនរកចំណូលដែរ អង្គភាពមិនរកប្រាក់ចំណូល ឬរដ្ឋាភិបាលត្រូវការរបាយការណ៍ ហិរញ្ញវត្ថុ និងការត្រួតពិនិត្រផងដែរ ។ គណនេយ្យករដែលធ្វើការនៅក្នុងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ឬរដ្ឋាភិបាលមានប្រវត្តិអប់រំ និងបណ្ដុះបណ្ដាលដូចគ្នាទៅនឹងគណនេយ្យករនៅក្នុងក្រុមហ៊ុនឯកជន និងសាធារណៈដែរ ។ ការងាររបស់គណនេយ្យកររដ្ឋាភិបាលទាក់ទងទៅនឹងពន្ធលើប្រាក់ចំណូល និងចំណាយ (Tax revenues and expenditures) ។ ចំណែកឯគណនេយ្យអង្គភាពមិនស្វែងរកប្រាក់ចំណេញវិញ ការងាររបស់ពួកគេគឺធ្វើការកត់ត្រា និងធ្វើការពន្យល់ពីមូលនិធិដែលទទួលបាន និងមូលនិធីដែលបានចំណាយ (Funds received and disbursed) ។ ទោះបីអង្គភាពនេះមានគោលបំណងមិនស្វែងរកប្រាក់ចំណេញក៏ដោយ ក៏អង្គភាពនេះត្រូវដំណើរការប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងប្រើប្រាស់ធនធានដែលមានឲ្យអស់ប្រសិទ្ធិភាពដែរ ។
ឃ. ការអប់រំជាន់ខ្ពស់៖ ទន្ទឹមនឹងគណនេយ្យករដែលបំរើការងារនៅក្នុងគណនេយ្យឯកជន នោះគណនេយ្យសាធារណៈ និងគណនេយ្យមិនស្វែងរកប្រាក់ចំណេញ ក៏មានគណនេយ្យករមួយចំនួនបំរើការនៅក្នុងវិស័យអប់រំ ជាន់ខ្ពស់ ។ សកម្មភាពការងាររបស់គណនេយ្យករនៅក្នុងថ្នាក់អប់រំជាន់ខ្ពស់នេះ រួមមានការ បង្រៀននូវមុខវិជ្ជាគណនេយ្យធ្វើការស្រាវជ្រាវ និងបោះផ្សាយនូវលទ្ធផលស្រាវជ្រាវ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង ការស្រាវជ្រាវ និងបោះពុម្ពផ្សាយលទ្ធផលខាងផ្នែក គណនេយ្យដែលធ្វើឡើងដោយថ្នាក់អប់រំជាន់ខ្ពស់នេះ ពុំមាននៅឡើយទេ ។