បច្ចុប្បន្នថ្វីបើបច្ចេកវិទ្យាមានភាពជឿនលឿន និងមានឧបករណ៍ទំនើបជាច្រើនស្ទើរតែអាចជំនួសឲ្យកុំព្យូទ័រយ៉ាងណាក្ដី តែសម្រាប់ផលិតផលកុំព្យូទ័រនៅតែបន្តការពេញនិយមប្រើនៅគ្រប់វិស័យមិនថា ការសិក្សាស្រាវជ្រាវ ឬការងារផ្សេងៗនោះទេ ។
ជាការពិតសម្រាប់ការប្រើប្រាស់កុំព្យូទ័របច្ចុប្បន្ន ទាំងការងារ និងការសិក្សាអ្នកប្រហែលជាមាននូវឯកសារខ្លះដែលជាការសំងាត់ ហើយក៏ជាឃ្លាំងប្រាក់របស់អ្នកផងដែរ ។ យ៉ាងណាមិញចំពោះការប្រើប្រាស់ Drive របស់កុំព្យូទ័រសម្រាប់ផ្ទុកឯកសារសំខាន់ និងការប្រើប្រាស់ឧបករណ៍ចល័តផ្សេងៗ ដូចជា Memory Card និង USB Flash ឬ Portable Hard Disk Drive វាក៏ជាការសំខាន់ផងដែរសម្រាប់អ្នកក្នុងការពារឯកសារដែលសំខាន់ៗ ដែលមាននៅក្នុងឧបករណ៍ទាំងនោះ ។
Anvide Lock Folder គឺជាកម្មវិធីដ៏ពិសេសមួយផ្ដល់ភាពងាយស្រួលក្នុងការចាក់សោការពារ និងលាក់ Folder ដែលសំខាន់ៗ មិនឲ្យអ្នកដ៏ទៅមើលឃើញ ហើយជាពិសេសជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows XP, Windows Vista, Windows 7 និង Windows 8 យើងនឹងមិនចាំបាច់ធ្វើការដំឡើងកម្មវិធីនេះទេ គឺគ្រាន់តែចុចលើ ALF.exe របស់កម្មវិធីវានឹងដំណើរការដោយស្វ័យប្រវត្តិ ។ ដោយឡែកចំពោះរូបភាពតំណាងឲ្យមុខងារផ្សេងៗនៅក្នុងកម្មវិធីក៏មានភាពងាយស្រួលយល់ផងដែរ តាមរយៈនេះយើងខ្ញុំជឿថា គ្រាន់តែចុចទៅលើកម្មវិធីនោះអ្នកនឹងចេះប្រើដោយខ្លួនឯង ។
រូបភាពខាងក្រោមគឺ សម្រាប់ការកំណត់សិទ្ធ និងលក្ខណៈផ្សេងៗរបស់កម្មវិធី :
បញ្ជាក់នៅពេលបញ្ចូល Folder ទៅក្នុងកម្មវិធី និងបន្ទាប់ពីបានធ្វើការចាក់សោ នោះ Folder នឹងត្រូវបានលាក់ជាស្វ័យប្រវត្តិពី Drive ដែលកំពុងផ្ទុកនោះ ។ ប៉ុន្តែនៅពេលដែលយើងបើកកម្មវិធី Andive Lock Folder យើងនឹងបានឃើញ Folder ដែលបានចាក់សោ និងលាក់ស្ថិតនៅក្នុងកម្មវិធី ហើយយើងក៏អាចដោះសោវិញបានផងដែរ ។ បញ្ជាក់បន្ថែមសម្រាប់ការលាក់ Folder នៅក្នុងឧបករណ៍ចល័តដូចជា USB Flash ជាដើម អ្នកគប្បី ចម្លងកម្មវិធី Andive Lock Folder ដែលមានពាក្យកាត់ “ALF”(ទំហំ 1.3MB ប៉ុណ្ណោះ ) ភ្ជាប់ជាមួយនឹងឧបករណ៍ទាំងនោះផង ជៀសវាងពេលបើកដំណើរការជាមួយនឹងកុំព្យូទ័រផ្សេងៗទៀត ដែលមិនមានកម្មវិធីនេះ ដែលជាហេតុមិនអាចចូលទៅកាន់ឯកសាររបស់អ្នកបាន ៕