អស្ចារ្យណាស់! ការទន្ទឹងរង់ចាំរបស់ប្រិយមិត្តដែលចង់ប្រើប្រាស់ភាសាខ្មែរលើ iDevices ជាមួយ iOS 7 ដោយមិនចាំបាច់បំបែកប្រព័ន្ធប្រតិបត្តិការដោយ Jailbreak ត្រូវបានកូនខ្មែរមួយក្រុមរកឃើញវិធីហើយ។
ស្នាដៃនេះ បង្កើតឡើងដោយយុវជនខ្មែរមួយក្រុមឈ្មោះ 4Ki (4KhmeriPhone Team)។ សមាជិកក្រុមនេះម្នាក់បានឲ្យដឹងថា ក្រុមរបស់លោកបានរកឃើញវិធីមួយដើម្បីដំឡើងពុម្ពអក្សរខ្មែរនៅលើ iOS 7 បានដោយមិនចាំបាច់ jailbreak។ វិធីថ្មីនេះ មិនមែនមានដំណើរការដោយ iOS 7 ដើមទេ ប៉ុន្តែក្រុមលោកអាចធ្វើបាន។
សមាជិកក្រុមនេះបានបន្តទៀតថា ៖”ខ្ញុំគ្រាន់តែមានពេលវេលាតិចតួច ដើម្បីសាកល្បងវានៅល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះ វាអនុញ្ញាតឱ្យប្រើពុម្ពអក្សរតែមួយប៉ុណ្ណោះ វាដំណើរការបានល្អលើប្រព័ន្ធប្រតិបត្តិការទាំងមូល លើកលែងតែមួយគឺមិនអាចដើរលើ Safari បាន”។
លោកបន្ថែមទៀតថា តាមពិតទៅលោកត្រូវការពេលច្រើនទៀត ដើម្បីស្រាវជ្រាវបន្ថែមមុននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប៉ុន្តែអ្វីទាំងអស់ត្រូវបានបែកធ្លាយនៅយប់មិញ ព្រោះដោយមានប្រិយមិត្តជាច្រើន បានទទូចចង់ប្រើដូច្នេះក្រុមលោកក៏បានបញ្ចេញហ្វុនខ្មែរនេះតែម្ដងទៅ។ ជោគជ័យនេះគឺកើតឡើង ដោយមានការសហការគ្នាយ៉ាងស្អិតល្មួតជាមួយសមាជិកក្រុមប្រមាណ ៧នាក់ និងមានអ្នកជួយជ្រោមជ្រែងជាច្រើននាក់ទៀត ទើបក្រុមលោកបានសម្រេចសមិទ្ធផលដ៏ល្អមួយនេះសម្រាប់ប្រជាជនខ្មែរប្រើប្រាស់។
ក្រុមលោកក៏បានសូមអភ័យទោសដោយមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាមួយចំនួន ព្រោះសមាជិកម្នាក់ៗសុទ្ធតែមានការងាររៀងៗខ្លួន។
ប្រិយមិត្តអាចមើលភាសាខ្មែរ បានដោយមិនបាច់ Jailbreak អ្វីទៀតឡើយ បន្ទាប់ពីក្រុមលោកចេញជាផ្លូវការរបស់ដ៏ល្អមួយនេះ។ នេះជាដំណឹងមួយយ៉ាងល្អបំផុត សម្រាប់ប្រជាជនខ្មែរដែលនិយម iDevices។
វិធីដំឡើងដូចខាងក្រោម៖
១. បើក idevice នៅលើ iOS 7:
- ពុម្ភអក្សរ បាត់ដំបង (Battambang): ចុចត្រង់នេះដើម្បីទាញយក…
- ពុម្ភអក្សរ នគរា (Nokora) ចុចត្រង់នេះដើម្បីទាញយក…
២. ទាញយក រួចតម្លើង
៣. រូចរាល់អាចប្រើបាន៖ អាចតម្លើងបានទាំងអស់ប៉ុន្តែដំណើរការ ពុម្ភអក្សរតែមួយគត់ ។ ដូចនេះត្រូវជ្រើសរើសថា ពុម្ភអក្សរណាដែលចង់ប្រើ។
សូមមើលរូប៖
វិធីដកចេញ៖
១. ចូលទៅ Settings —> General —> Profile
២. ចុច remove