Breaking News
Loading...

តើរៀន​ផ្នែក​គណនេយ្យធ្វើ​ការ​អី​បាន​ខ្លះ?

5:52 AM
គណនេយ្យ គឺ​ជា​វិជ្ជាជីវៈ​មួយ​ ។ គ្រប់​ប្រតិបត្តិការអាជីវកម្ម​ទាំង​អស់​ត្រូវ​បាន គេ​កត់​ត្រា​ជា​ច្រើន​សតវត្សរ៍​កន្លង​មក​ហើយ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​កន្លះ​សតវត្សរ៍​ចុង​ក្រោយ​នេះ គណនេយ្យ​ ត្រូវ​បាន​គេ​ទទួ​លស្គាល់​ថា​ជា វិជ្ជាជីវៈ​មួយ (A profession) ដូច​ជា​វិជ្ជាជីវៈ​ពេទ្យ និង​ច្បាប់​អញ្ចឹង​ដែរ ។ បច្ចុប្បន្ន​នេះ គណនេយ្យ​ករ​ជា​ច្រើន (Accountant) កំពុង​ប្រើ​ប្រាស់​វិជ្ជា​ជីវៈ​នេះ​ក្នុង​អាជីវកម្ម​ផ្សេងៗ ។ គណនេយ្យ​ករ​ អនុវត្ត​ជំនាញ​របស់​ខ្លួន​ទៅ​លើ​ផ្នែក​បួន​សំខាន់ៗគឺ៖ គណនេយ្យ​សាធារណៈ (Public Accounting) គណនេយ្យ​ឯកជន (Private accounting) គណនេយ្យ​មិន​ស្វែង​រក​ប្រាក់​ចំណេញ ឬគណនេយ្យ​រដ្ឋាភិបាល (Not-for-profit accounting or Government accounting) និង ការ​អប់​រំ​ជាន់​ខ្ពស់ (Higher Education) ។
សេចក្ដីអធិប្បាយ៖
ក. គណនេយ្យ​សាធារណៈ ក្នុង​គណនេយ្យ​សាធារណៈ គណនេយ្យ​ករ​អាច​ថ្វើ​ការ​ជា​បុគ្គលិក​ម្នាក​ ឬ​ជា​សមាជិក​ម្នាក់​របស់​ក្រុម​ហ៊ុន​គណនេយ្យ​សាធារណៈ (Pulic account firm) ។ គណនេយ្យ​ករ​សាធារណៈ ជា​គណនេយ្យ​ករ​ដែល​អាច​ធ្វើ​ការ​បំរើ​សេវាកម្ម​ឲ្យ​ក្រុមហ៊ុន​ពីរ ឬ​ច្រើន ។ នៅ​ក្នុង​គណនេយ្យ​សាធារណៈ គណនេយ្យ​ករ​ផ្គត់​ផ្គង់​សេវាគណនេយ្យ​ដូចជា​ ត្រួត​ពិនិត្រ​បញ្ជី (សវនកម្ម) ឬសេវាកម្ម​ផ្សេងៗទៀត​ដូចជា សេវាកម្ម​រៀប​ចំពន្ធ​ដារ សេវាពិគ្រោះ​យោបល់​ខាង​ហិរញ្ញ​វត្ថុឲ្យ​ក្រុម​ហ៊ុន​ ឬ​បុគ្គល​នានាដើម្បី​ប្ដូរ​មក​វិញ​នូវ​កម្រៃ ។ នៅ​សហរដ្ឋអាមេរិក គណនេយ្យ​ករ​ដែល​បំរើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​គណនេយ្យ​សាធារណៈ​ត្រូវ​តែ​មាន​ការ​ទទួល​ស្គាល់​ពី​ ឬ​ការ​បញ្ជាក់​ (Certified Public Accounting = CPA) ពី​ស្ថាប័ន​គណនេយ្យ​មួយ​ឈ្មោះ​ American Institute of Certified Accounting (AICPA)។ នៅ​ក្នុង​គណនេយ្យ​សាធារណៈ អគ្គសវនករ​ (Certified Public Accountant) ពិនិត្រ​មើល​របាយការណ៍​ហិរញ្ញ​វត្ថុរបស់​ក្រុមហ៊ុន ត្រួត​ពិនិត្រ​លើការ​បង់​ពន្ធ​ ជួយ​ដល់​ការ​អភិវឌ្ឍរបស់​ក្រុមហ៊ុន​នា​ពេល​ខាង​មុខ ។
ខ. គណនេយ្យ​ឯកជន ឬ​ឧស្សាហកម្ម (Private or Industrial Accounting) គណនេយ្យ​ករ​ឯកជន​ ជា​ទូទៅ​ត្រូវ​បាន​គេ​ហៅ​ថា គណនេយ្យ​ករ​គ្រប់​គ្រង (Management Accountants) ដែល​ផ្ដល់​សេវាគណនេយ្យ​នានា សម្រាប់​ក្រុមហ៊ុន​តែ​មួយ ។ ក្រុម​ហ៊ុន​មួយ​ចំនួន​ប្រើ​ប្រាស់​គណនេយ្យ​ករ​គ្រប់​គ្រង​តែ​មួយ​ ប៉ុន្តែ​ក្រុមហ៊ុន​ខ្លះ​ក៏​ប្រើ​គណនេយ្យ​ករ​គ្រប់​គ្រង​ច្រើន ។ នៅ​ក្នុង​ក្រុម​ហ៊ុន​មួយ ដែល​មាន​គណនេយ្យ​ករ​គ្រប់​គ្រង​ច្រើន បុគ្គល​ដែល​ទទួល​ខុស​ត្រូវ​សកម្មភាប​គណនេយ្យ​ជា​ទូទៅ​ត្រូវ​បាន​គេ​ហៅ​ថា អ្នក​ត្រួត​ពិនិត្រ (Controller) ឬ​ប្រធាន​ភ្នាក់​ងារហិរញ្ញវត្ថុ (Chief Financial Officer) ។
ក្នុង​គណនេយ្យ​ករ​ឯកជន គណនេយ្យ​គ្រប់​គ្រង​ គឺ​ទាក់​ទង​ទៅ​នឹង​សកម្មភាព​ដូច​ខាងក្រោម៖
-           គណនេយ្យ​ទូទៅ (General Accounting)៖ ទាក់​ទង​នឹង​ការ​កត់​ត្រា​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ និង​រៀប​ចំរបាយការណ៍​ហិរញ្ញវត្ថុ​ ។​
-           គណនេយ្យ​តម្លៃដើម (Cost Accounting)៖ កំណត់​តម្លៃ​ដើម​ផលិត​នៃ​ផលិត​ផល ។
-  ​ការ​ធ្វើ​ផែនការថវិកា (Budgeting)៖ ការ​គ្រប់​គ្រង​នៅ​ក្នុង​គោល​ដៅ​ ដែល​ទាក់​ទង​នឹង​ចំណូល (Sale Revenues) តម្លៃ​ដើម​ទំនិញ​បញ្ចេញ​លក់ (Cost of Goods sold) និង​ប្រតិបត្តិការ​ចំណាយ (Operating Expenses) ។
-           ការ​ត្រួត​ពិនិត្រ​ផ្ទៃ​ក្នុង (Internal Auditing)៖ ពិនិត្រ​មើល​ពី​ប្រតិបត្តិការ​របស់​ក្រុម​ហ៊ុន​ដើម្បី​កំណត់​គោល​នយោបាយ​ក្រុមហ៊ុន​ និង​វាយ​តម្លៃ​ទៅ​លើ​ប្រតិបត្តិការ​ទាំង​នោះ ។
-           ប្រព័ន្ទ​ព័ត៌មាន​គណនេយ្យ​ (Accounting Information System)៖ ជា​ដំណើរ​នៃ​ការ​រៀប​ចំ​ប្រព័ន្ធ​ទិន្នន័យ។
-           គណនេយ្យ​ពន្ធ (Tax Accounting)៖ រៀប​ចំ​ការ​បង់​ពន្ធ​សម្រាប់​ក្រុមហ៊ុន ។
គ. គណនេយ្យ​មិន​ស្វែង​រក​ប្រាក់​ចំណេញ ឬ​រដ្ឋា​ភិបាល៖ ដូច​គ្នា​នឹង​ក្រុមហ៊ុន​រក​ចំណូល​ដែរ អង្គភាព​មិន​រក​ប្រាក់​ចំណូល​ ឬ​រដ្ឋា​ភិបាល​ត្រូវ​ការ​របាយការណ៍ ហិរញ្ញ​វត្ថុ និង​ការ​ត្រួត​ពិនិត្រ​ផង​ដែរ ។ គណនេយ្យ​ករ​ដែល​ធ្វើ​ការ​នៅ​ក្នុងអង្គភាព​មិន​ស្វែង​រក​ប្រាក់​ចំណេញ ឬ​រដ្ឋាភិបាលមាន​ប្រវត្តិ​អប់​រំ និង​បណ្ដុះ​បណ្ដាល​ដូច​គ្នា​ទៅ​នឹង​គណនេយ្យ​ករ​នៅ​ក្នុង​ក្រុមហ៊ុនឯក​ជន និង​សាធារណៈដែរ ។ ការ​ងារ​របស់​គណនេយ្យ​ករ​រដ្ឋាភិបាល​ទាក់​ទង​ទៅ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​ និង​ចំណាយ (Tax revenues and expenditures) ។ ចំណែក​ឯគណនេយ្យអង្គភាព​មិន​ស្វែងរក​ប្រាក់​ចំណេញ​វិញ ការងារ​របស់​ពួកគេ​គឺ​ធ្វើ​ការ​កត់​ត្រា និង​ធ្វើ​ការ​ពន្យល់​ពី​មូល​និធិដែល​ទទួល​បាន និង​មូល​និធី​ដែល​បាន​ចំណាយ (Funds received and disbursed) ។ ទោះ​បីអង្គភាព​នេះមាន​គោល​បំណង​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ក៏ដោយ ក៏​អង្គភាព​នេះ​ត្រូវ​ដំណើរ​ការ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់ និង​ប្រើ​ប្រាស់​ធនធាន​ដែល​មាន​ឲ្យ​អស់​ប្រសិទ្ធិ​ភាព​ដែរ ។
ឃ. ការ​អប់​រំ​ជាន់​ខ្ពស់៖ ទន្ទឹម​នឹង​គណនេយ្យ​ករ​ដែល​បំរើ​ការងារ​នៅ​ក្នុង​គណនេយ្យ​ឯក​ជន នោះ​គណនេយ្យ​សាធារណៈ និង​គណនេយ្យ​មិន​ស្វែង​រក​ប្រាក់​ចំណេញ ក៏​មាន​គណនេយ្យ​ករ​មួយ​ចំនួន​បំរើ​ការ​នៅ​ក្នុង​វិស័យ​អប់​រំ ជាន់​ខ្ពស់ ។ សកម្មភាព​ការងារ​របស់​គណនេយ្យ​ករ​​នៅ​ក្នុង​ថ្នាក់​អប់​រំ​ជាន់​ខ្ពស់​នេះ រួម​មាន​ការ​ បង្រៀននូវ​មុខ​វិជ្ជាគណនេយ្យ​ធ្វើ​ការ​ស្រាវ​ជ្រាវ និង​បោះ​ផ្សាយ​នូវ​លទ្ធផល​ស្រាវ​ជ្រាវ​ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុ​ជា​យើង ការ​ស្រាវ​ជ្រាវ​ និង​បោះ​ពុម្ព​ផ្សាយ​លទ្ធផល​ខាង​ផ្នែក​ គណនេយ្យ​ដែល​ធ្វើ​ឡើង​ដោយ​ថ្នាក់​អប់​រំ​ជាន់​ខ្ពស់​នេះ ពុំ​មាន​នៅ​ឡើយ​ទេ ។